Skip to main content

Topking World Series ខែ មីនា មានអ្នកប្រដាល់ថៃធ្លាប់មក កម្ពុជា ដល់ទៅ ៣ រូប

សម្រាប់ព្រឹត្តិការណ៍ Topking Thailand Series ដែលគ្រោងរៀបចំឡើងនាថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០១៨ ខាងមុខនេះ មានវត្តមានកីឡាករថៃ ដែលធ្លាប់មកប្រកួតក្នុងទឹកដី កម្ពុជា ដល់ទៅ ៣ រូប ដែលជាសមាសភាព កីឡាករប្រកួតដណ្ដើមខ្សែក្រវាត់ទម្ងន់ ៧០គ.ក្រ ទៀតផង​។ ខ្លាកំណាចទាំង ៣ រួមមាន ឌីសេលលេក ប៉ែងកងប្រាប, ផាខាវ ដាបផុង១៩១ និង ម៉ាណវវ៉ាន ស៊ីតសងភីណង នឹងត្រូវប្រឈមមុខដាក់គ្នាក្នុងកម្មវិធីជម្រុះ 4-man Tournament ដើម្បីស្វែងរកជើងឯក Topking មួយរូប សម្រាប់ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ក្រៅស្រុក។ Topking Thailand Series ក៏ជាកម្មវិធីបើកទំព័របេសកកម្មថ្មីរបស់ Topking ដោយ ២ រដូវកាលកន្លងមក យ៉តវិឆា ខេមមួយថៃ បានគ្រងខ្សែក្រវាត់ ២ សម័យតែម្នាក់ឯង ពោលគឺឆ្នាំ ២០១៦ និង ២០១៧។

ឌីសេលលេក ប៉ែងកងប្រាប មកប្រកួតក្នុងប្រទេស កម្ពុជា តែមួយលើកគត់ ដោយស្មើពិន្ទុនិង ឡុង សុវណ្ណឌឿន ក្នុងកម្មវិធី សមរភូមិអ្នកប្រយុទ្ធ របស់ស្ថានីយទូរទស្សន៍ PNN។ ជើងឯកច្រើនស្ថាប័នរបស់ថៃរូបនេះក៏ធ្លាប់បំបាក់ ម៉ឺន សុភា ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គឹមឆ្នាំ ២០១៧ ក្នុងវគ្គផ្ដាច់ព្រ័ត្រ។ ជើងខ្លាំងភ្នែកតូចរូបនេះមានអាវុធធ្ងន់ និងបច្ចេកទេសខ្ពស់ ត្បិតកម្ពស់មិនខ្ពស់ តែមិនសូវចាញ់ប្រៀបគូប្រកួតឡើយ។ ឌីសេលលេក ប្រើបានទាំងកណ្ដាប់ដៃ ទាត់ កែង និងជង្គង់ ព្រមទាំងធន់កំលាំងស៊ុព្វមិនងាយថមថយ។ រូបគេក៏ជាជើងឯករងរបស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ថៃ ដោយប្រកួតចាញ់ ប៉.ត.ថ ផេតរុងរឿង ក្នុងវគ្គផ្ដាច់ព្រ័ត្រ។ ចូលរួមព្រឹត្តិការណ៍ Topking Thailand Series លើកនេះ ឌីសេលលេក ជាបេក្ខភាពខ្លាំង ដែលអាចមានសមត្ថភាពឈ្នះជើងឯក។

ចំពោះ ម៉ាណាវវ៉ាន ស៊ីតសងភីណង អតីត យ៉កឡង ស. ចែមចាន់ បរជ័យក្នុងទឹកដី កម្ពុជា តែ ១ លើកគត់ក្រោមកណ្ដាប់ថៃ រឿង សោភ័ណ្ឌ ក្រៅពីនេះរូបគេរយកឈ្នះទាំងអស់។ មិត្តរួមក្លឹបជើងឯក Glory ស៊ីតធីឆ័យ មានស្នៀតទាត់ឆ្វេងល្អ និងបន្លាស់ទីលឿន។ រូបគេធ្លាប់ឈ្នះជើងឯកជាច្រើន ក្នុងនោះរួមមានទាំងខ្សែក្រវាត់ រ៉ាចដាំណើន ដែលក្រោយមកត្រូវអ្នកប្រដាល់បារាំង Fabio Pinca ដណ្ដើមយក។ ក្រោយផ្លាស់ប្ដូរមកហ្វឹកហាត់ក្នុងក្លឹប ស៊ីតសងភីណង ម៉ាណាវវ៉ាន ទទួលបានឱកាសប្រកួតក្នុងកម្មវិធីធំៗច្រើន ព្រមទាំងទទួលបានតំលៃខ្លួនខ្ពស់។

សម្រាប់ ផាខាវ ដាបផុង១៩១ វិញធ្លាប់យកឈ្នះ វង្ស ណយ និង ពុទ្ធ ឆាយរិទ្ធី តែក៏ធ្លាប់រងបរជ័យក្រោមដៃ អ៊ុង វីរៈ ជើងខ្លាំងប្រចាំក្លឹប កងពលតូចពិសេសឆ័ត្រយោង៩៩១។ ជើងចាស់រូបនេះមានក្បាច់ល្អ ជាពិសេសកណ្ដាប់ដៃ និងស្នៀតទាត់ស្កាត់។ ផាខាវ ចូលរួមក្នុងកម្មវិធីធំៗច្រើន ដោយមានទំនាក់ទំនងជិតស្និទ្ធនិងលោក ថាគូន ដែលជាប្រូម៉ូទ័រមួយរូបរបស់ Topking World Series។ ទោះមានស្នៀតប្រយុទ្ធល្អ តែកំលាំងស៊ុព្វខ្លាចាស់រូបនេះមានកំណត់ ហើយប្រសិនបើគូប្រកួតបុកខ្លាំង អាចប្រឈមមុខនិងការភ្លាត់ស្នៀតគ្រប់ពេលវេលា។

ចំពោះបេក្ខភាពខ្សែក្រវាត់ទាំង ៤ វគ្គផ្ដាច់ព្រ័ត្រអាចជាការប៉ះគ្នារវាង ឌីសេលលេក និង យ៉តឃុនភុន ត្បិតអ្នកទាំង ២ មានសមត្ថភាពល្អជាងគេ។ ក្រៅពីការប្រកួតដណ្ដើមខ្សែក្រវាត់ Topking Thailand Series ក៏មានគូមិត្តភាពអន្តរជាតិជាច្រើន ប្រមូលផ្ដុំដោយជើងខ្លាំងថៃនិងបរទេស។
អត្ថបទ៖ កាំប៉ាន់ថង

Popular posts from this blog

ម៉ៃសុត ទទួលស្វាគម៍គ្រប់ជើងខ្លាំងក្នុងទម្ងន់ ៦៣.៥គ.ក្រ ក្រោយយកឈ្នះ ឃីម ឌីម៉ា

បន្ទាប់ពីយកឈ្នះ ឃីម ឌីម៉ា ម្ចាស់មេដាយមាសព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ ២០១៧ និងដណ្ដើមប្រាក់លានបានសម្រេចជាលើកទី ៣ ម៉ៃសុត ស៊ីតប៊ុនមី បានរក្សាជំហរទទួលស្វាគមន៍គ្រាប់ជើងខ្លាំង គុនខ្មែរ ក្នុងប្រភេទទម្ងន់ ៦៣.៥គ.ក្រ។ នេះជាការឆ្លើយតបភ្លាមៗទៅកាន់លោកពិធីករ ស៊ីថូណាថាន់ ដែលចោទសួរថា តើអ្នកប្រដាល់វ័យក្មេងរូបនេះចង់ជួបនរណាខ្លះ សម្រាប់ការប្រកួតបន្តបន្ទាប់ក្នុងទឹកដី កម្ពុជា។ ការយកឈ្នះ ឃីម ឌីម៉ា យប់មិញ កាន់តែធ្វើឲ្យអ្នករៀបចំកម្មវិធី គិតគូរយ៉ាងលំអិត ត្បិត ឌីម៉ា ជាស្ដេចត្រាញមួយរូបក្នុងប្រភេទទម្ងន់ ៦៣.៥គ.ក្រ នេះទៅហើយ។     សម្រាប់អ្នកប្រដាល់លំដាប់ជួរមុខរបស់ កម្ពុជា មានតែ ផល សោភ័ណ្ឌ មួយរូបគត់ដែលធ្លាប់យកឈ្នះ ម៉ៃសុត ក្រៅពីនេះ ឃីម ឌីម៉ា, ឡុង សំណាង, វេង សុភ័ក្រ ។ល។ សុទ្ធតែចាញ់គេទាំងអស់។ ក្នុងប្រភេទទម្ងន់ ៦៣.៥គ.ក្រ បច្ចុបន្ន នៅសេសសល់តែ ឡៅ ចិត្រា ម្ចាស់មេដាយសំរិទ្ធព្រឹត្តិការណ៍ស៊ីហ្គេម និងជាជើងឯកថ្នាក់ជាតិច្រើនសម័យ តែប៉ុណ្ណោះដែលមិនទាន់ប៉ះ ម៉ៃសុត។ ក្រោយការប្រកួតយប់មិញបញ្ចប់ មានបងប្អូនជាច្រើនសំណូមពរអ្នករៀបចំកម្មវិធីឲ្យផ្គូផ្គង ម៉ៃសុត និង ឡៅ ចិត្រា វិញម្ដង។ ឡៅ ចិត្រា កំពុងឡើងជើងខ្លាំងដោយផ្ដួលអ្នកលេងឆ្លងដែនសន្ល...